ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជុំស្ដីពីការត្រួតពិនិត្យ និងការពង្រឹងលើកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមសាលប្រជុំសាលាដំបូងខេត្តកំពង់ចាម៖ ថ្ងៃពុធ-ព្រហស្បតិ៍ ១០-១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ចុះជួបប្រជុំស្តីពីការត្រួតពិនិត្យ និងការពង្រឹងលើកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី ដោយទទួលបានការស្វាគមន៍ និងចូលរួមកិច្ចប្រជុំពីសំណាក់ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូង និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋាន លោក លោកស្រីក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលសាលាដំបូង សរុបចំនួន ៥៨ រូប។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការបានពិភាក្សាលើការអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី តួនាទីនិងមុខងារក្រឡាបញ្ជី អាជ្ញាសាលា មេធាវី និងបានពិភាក្សាអំពីការស្ម័គ្រចិត្តក្នុងការទទួលយកការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យក្រឡាបញ្ជី ( Monitoring Database System )។
ជាលទ្ធផល អង្គប្រជុំទទួលបាននូវការចូលរួមមតិយោបល់យ៉ាងផុសផុល ការជជែកពិភាក្សាដេញដោល ហើយទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការបានដាក់ចេញនូវផែនការការងារ និងអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាដំណោះស្រាយឆ្លើយតបនូវបញ្ហាប្រឈមមួយចំនួន និងសម្រាប់ជាការអនុវត្តការងារបន្តទៅមុខ ព្រមទាំងពាំនាំពាក្យសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង។
Post a Comment