ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយលើចំណុចសំខាន់ៗ រួមមាន៖
១. កែលម្អនីតិវិធីដោះស្រាយក្តីឲ្យច្បាស់ និងត្រឹមត្រូវតាមច្បាប់។
២. ការពារសិទ្ធិប្រជាពលរដ្ឋ និងបង្កើនទំនុកចិត្តក្នុងប្រព័ន្ធយុត្តិធម៌។
៣. បង្កើនប្រសិទ្ធភាព និងទំនួលខុសត្រូវនៃមន្ត្រីសាលាជម្រះក្តី និងអយ្យការអម។
៤. សហការយ៉ាងជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធ ដើម្បីឱ្យវិសោធនកម្មទទួលបានលទ្ធផលជាក់ស្តែង។
ឯកឧត្តម កើត រិទ្ធ បានលើកទឹកចិត្តថា ការធ្វើវិសោធនកម្មនេះជាជំហានសំខាន់ក្នុងការផ្ដល់ភាពច្បាស់លាស់ និងប្រសិទ្ធភាពច្បាប់ព្រហ្មទណ្ឌ ដើម្បីឱ្យប្រជាជនទទួលបានយុត្តិធម៌ និងការការពារសិទ្ធិដោយសមស្រប។ លោកបានអំពាវនាវឲ្យអង្គភាពពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ និងតាមដានលទ្ធផលដើម្បីអនុវត្តបានប្រសើរជាងមុន។
ក្រសួងយុត្តិធម៌បានផ្ដល់សារៈសំខាន់លើការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងបង្កើនសេវាកម្មច្បាប់ និងឧបករណ៍គាំទ្រផ្សេងៗ ដើម្បីធានាថា ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមសង្គមសព្វថ្ងៃ។
កិច្ចប្រជុំនេះជាជំហានមួយដ៏សំខាន់ក្នុងការបន្តពង្រឹងប្រព័ន្ធច្បាប់ និងយុត្តិធម៌នៅកម្ពុជា និងបង្កើនទំនុកចិត្តប្រជាជនចំពោះប្រព័ន្ធយុត្តិធម៌ ដោយផ្តល់សារៈសំខាន់លើការរីកចម្រើននៃប្រទេសតាមផ្លូវសន្តិភាព និងអភិវឌ្ឍជាតិ។
Post a Comment