សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត ៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត ៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ២០២៥ – កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារខុនដូរ HANA ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅម៉ោង១៣:០០ នាទី ថ្ងៃទី១៥ ខែកញ្ញា ២០២៥។
ក្នុងអគារលេខ១៤៦៩ ផ្លូវ១០៨៩ ដែលមានចំនួន៧ជាន់ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុប ៤៨នាក់ រួមមានស្រី ១០នាក់។ ពួកគេមាន៤សញ្ជាតិគឺ៖ កូរ៉េខាងត្បូង ៣៣នាក់ (ស្រី៥នាក់), នេប៉ាល់ ១នាក់ (ប្រុស), បង់ក្លាដេស ១នាក់ (ប្រុស), និងខ្មែរ ១៣នាក់ (ស្រី៥នាក់)។
ក្រៅពីនេះ កម្លាំងប្រតិបត្តិការក៏បានរឹបអូសសម្ភារៈជាច្រើនដែលជាឧបករណ៍បម្រើឱ្យការប្រព្រឹត្តបទល្មើស Online Scam រួមមាន កុំព្យូទ័រ ៦០គ្រឿង, ទូរដែក ៣គ្រឿង និងលិខិតឆ្លងដែន ៣៥ច្បាប់។ ជនសង្ស័យទាំងអស់ និងវត្ថុត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទូទាំងប្រទេស ដោយមានការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ។ យុទ្ធនាការនេះមានគោលបំណងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សមត្ថកិច្ចបានបញ្ជាក់ថា នឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងលើមេខ្លោងទាំងឡាយដែលពាក់ព័ន្ធក្នុងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ។
Post a Comment