ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជុំស្ដីពីការត្រួតពិនិត្យ និងការពង្រឹងលើកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ
ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបប្រជុំស្ដីពីការត្រួតពិនិត្យ និងការពង្រឹងលើកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំអង្គប្រជុំសាលាដំបូងខេត្តត្បូងឃ្មុំ៖ ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងាររួមមាន លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី សមាជិកក្រុមការងារនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងក្រុមជំនួយការ ចុះជួបប្រជុំស្តីពីការត្រួតពិនិត្យ និងការពង្រឹងលើកិច្ចការបច្ចេកទេសអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី ដោយទទួលបានការស្វាគមន៍ និងចូលរួមកិច្ចប្រជុំពីសំណាក់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូង និងឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីរដ្ឋបាលតុលាការ សរុបចំនួន ៤៩ រូប។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់លើការអនុវត្តវិជ្ជាជីវៈក្រឡាបញ្ជី តួនាទីនិងមុខងារក្រឡាបញ្ជី និងបានពិភាក្សាអំពីការស្ម័គ្រចិត្តក្នុងការទទួលយកការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យក្រឡាបញ្ជី ( Monitoring Database System )។
ជាលទ្ធផល អង្គប្រជុំទទួលបាននូវការចូលរួមមតិយោបល់យ៉ាងផុសផុល ការជជែកពិភាក្សាដេញដោល ហើយទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការបានដាក់ចេញនូវផែនការការងារ និងអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាដំណោះស្រាយឆ្លើយតបនូវបញ្ហាប្រឈមមួយចំនួន និងសម្រាប់ជាការអនុវត្តការងារបន្តទៅមុខ ព្រមទាំងពាំនាំពាក្យសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយក្រៃលែង។

















Post a Comment