ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ពិនិត្យវាយតម្លៃលើរបាយការណ៍វិន័យ សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ និងសិស្សមន្ត្រីរដ្ឋបាលតុលាការ

 ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ពិនិត្យវាយតម្លៃលើរបាយការណ៍វិន័យ សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ និងសិស្សមន្ត្រីរដ្ឋបាលតុលាការ


==================
📍ផ្សាយចេញពីរាជធានីភ្នំពេញ: ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ក្នុងនាមតំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

👉 កិច្ចប្រជុំមានគោលបំណងសំខាន់ក្នុងការពិនិត្យ និងវាយតម្លៃលើរបាយការណ៍វិន័យរបស់សិស្សមន្ត្រីសាលាច្បាប់ រួមមាន៖

សិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ចំនួន ៤០រូប

សិស្សមន្ត្រីរដ្ឋបាលតុលាការ ជំនាន់ទី៣ ចំនួន ៥០រូប


សិស្សទាំងនេះកំពុងសិក្សានៅសាលាច្បាប់ និងចូលរួមវគ្គសិក្ខាគារិកភាព (Internship) អ៊ីនធេនសីប ក្នុងនាមជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលផ្លូវការ។









ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ថា ការត្រួតពិនិត្យវិន័យ គឺជាដំណាក់កាលសំខាន់ក្នុងការបណ្តុះបណ្តាល ដើម្បីធានាថា សិស្សមន្ត្រីទាំងអស់អនុវត្តតាមច្បាប់ និងស្តង់ដារវិជ្ជាជីវៈ។ ក្រៅពីចំណេះដឹងផ្នែកច្បាប់ ការបណ្តុះបណ្តាលនៅសាលាច្បាប់ក៏ផ្តោតលើការបង្កើតស្មារតីទំនួលខុសត្រូវ ការរក្សាវិន័យ និងការអនុវត្តតួនាទីយ៉ាងស្មោះត្រង់ផងដែរ។

គាត់បានលើកទឹកចិត្តឲ្យសិស្សទាំងអស់ ធ្វើឱ្យបានល្អប្រសើរជានិច្ច ដើម្បីក្លាយជាមន្ត្រីដែលមានសមត្ថភាព ទំនួលខុសត្រូវ និងអាចចូលរួមបំពេញបេសកកម្មក្នុងវិស័យយុត្តិធម៌ជាតិឱ្យកាន់តែរឹងមាំ។

ក្រុមប្រឹក្សាវិន័យបានលើកយោបល់ជាច្រើនក្នុងការលើកកម្ពស់ប្រសិទ្ធភាពការបណ្តុះបណ្តាល ដើម្បីឱ្យសិស្សទាំងអស់មានសមត្ថភាពពេញលេញ ក្នុងការបំពេញតួនាទីជាមន្ត្រីសម្រុះសម្រួល ឬមន្ត្រីរដ្ឋបាលតុលាការ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល ពោរពេញដោយទំនុកចិត្តថា សិស្សមន្ត្រីជំនាន់ថ្មីទាំងនេះ នឹងក្លាយជាកម្លាំងសំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌ប្រកបដោយគុណភាព និងទំនើប ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

រៀបចំដោយ.PhD.Akara

0/Post a Comment/Comments