ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ....

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធការងារ ផ្អែកលើលទ្ធផលនៃការវិភាគមុខងារ
នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងយុត្តិធម៌ ដោយផ្អែកលើលទ្ធផលនៃការវិភាគមុខងារ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ និងអគ្គាធិការ នៃអង្គភាពក្រោមឱវាទទាំងអស់។ កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យយ៉ាងលម្អិតលើការកែសម្រួលរចនាសម្ព័ន្ធ ការរៀបចំ និងការប្រព្រឹត្តិការងាររបស់អង្គភាពនីមួយៗ ដោយផ្តោតសំខាន់ទៅលើអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋានផ្សេងៗ។ ការពិភាក្សាដ៏ជ្រាលជ្រៅនេះ ត្រូវបានដឹកនាំដោយគោលការណ៍ចម្បង “អភិក្រមពង្រឹង ជាជាងពង្រីក” ដែលមានន័យថា ការកែសម្រួលមិនផ្តោតលើការបង្កើនចំនួនអង្គភាព ឬបង្កើតអង្គភាពថ្មីៗឡើយ ប៉ុន្តែផ្តោតទៅលើការកែលម្អប្រសិទ្ធភាពការងារ ការរៀបចំអង្គភាពឲ្យមានប្រសិទ្ធភាពខ្ពស់ និងបំពេញបេសកកម្មបានយ៉ាងមានគុណភាព។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ក្នុងឱកាសនោះថា ការកែសម្រួលរចនាសម្ព័ន្ធ និងការរៀបចំការងារឡើងវិញ ត្រូវអនុវត្តដោយយកលទ្ធផលនៃការវិភាគមុខងារជាមូលដ្ឋាន ដើម្បីធានាឲ្យមានភាពសមស្រប និងឆ្លើយតបតាមបេសកកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាល។ ឯកឧត្តមបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឲ្យបន្តសហការយ៉ាងជិតស្និទ្ធ ពង្រឹងទំនួលខុសត្រូវ និងច្នៃប្រឌិតក្នុងការអនុវត្តភារកិច្ច ដើម្បីធានាឲ្យក្រសួងមានប្រសិទ្ធភាពខ្ពស់ និងមានភាពរឹងមាំក្នុងការអភិវឌ្ឍន៍វិស័យយុត្តិធម៌។ ក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តិការងារដោយផ្អែកលើអភិក្រមពង្រឹង នឹងជួយកាត់បន្ថយភាពស្មុគស្មាញ បង្កើនភាពច្បាស់លាស់ និងកែលម្អប្រសិទ្ធភាពក្នុងការគ្រប់គ្រង។ ការបង្កើតប្រព័ន្ធការងារដែលមានសមត្ថភាព និងមានភាពបត់បែន នឹងអាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពនឹងបេសកកម្ម និងតម្រូវការពិតប្រាកដនៃប្រទេស។ កិច្ចប្រជុំនេះក៏ជាការបង្ហាញពីក្តីស្រឡាញ់ និងការទទួលខុសត្រូវរួមរបស់ថ្នាក់ដឹកនាំក្រសួង ក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពការងារក្រសួងយុត្តិធម៌ឲ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសសុខសាន្ត និងទំនាក់ទំនងសហការល្អ។

0/Post a Comment/Comments