ក្រសួងយុត្តិធម៌ ធ្វើកិច្ចប្រជុំស្នូល ពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ
ក្រសួងយុត្តិធម៌ ធ្វើកិច្ចប្រជុំស្នូល ពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធរាជធានីភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ — ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតក្រុមការងារស្នូល នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ឲ្យសមស្របនឹងតម្រូវការអភិវឌ្ឍន៍ និងការងារពិតប្រាកដ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងផ្អែកលើលទ្ធផលនៃការវិភាគមុខងារនៃក្រសួងយុត្តិធម៌ ដែលមានគោលបំណងធ្វើឲ្យរចនាសម្ព័ន្ធ និងមុខងាររបស់ក្រសួង មានប្រសិទ្ធភាព កាន់តែច្បាស់លាស់ និងឆ្លើយតបទៅនឹងគោលនយោបាយរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំ ក្រុមការងារបានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ប្រការ៖
1. ការកំណត់ និងកែលម្អមុខងារសំខាន់ៗរបស់ក្រសួង។
2. ការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធឲ្យមានតុល្យភាព។
3. ការពង្រាយ និងបែងចែកមន្ត្រីរាជការឲ្យមានប្រសិទ្ធភាព។
4. ការពង្រឹងសមត្ថភាព និងជំនាញមន្ត្រីរាជការ។
សមាសភាពអ្នកចូលរួមកិច្ចប្រជុំ រួមមានអគ្គលេខាធិការ អគ្គនាយកនានា នាយកនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។ ការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងនេះ បង្ហាញពីសេចក្ដីត្រៀមខ្លួន និងក្តីស្រឡាញ់ជាតិ ក្នុងការចូលរួមអភិវឌ្ឍវិស័យយុត្តិធម៌ឲ្យមានសមត្ថភាពខ្ពស់ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានអធិប្បាយថា ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងនេះ គឺជាដំណាក់កាលសំខាន់ក្នុងការបន្តកែលម្អប្រព័ន្ធរដ្ឋបាល និងកសាងមូលដ្ឋានសម្រាប់អនុវត្តន៍យុទ្ធសាស្ត្រយុត្តិធម៌ជាតិឲ្យទាន់សម័យ និងឆ្លើយតបតាមតម្រូវការសង្គម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្រ្តីទាំងអស់ បន្តធ្វើការទាំងអស់ដោយមានទំនួលខុសត្រូវ ខិតខំប្រឹងប្រែង និងមានស្មារតីបម្រើជាតិ។
កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសយោគយល់ល្អ និងកំណត់ទិសដៅច្បាស់លាស់ សម្រាប់ដំណើរការកែលម្អរចនាសម្ព័ន្ធ និងបន្តធ្វើឲ្យប្រសើរឡើងនូវការងាររដ្ឋបាលរបស់ក្រសួង។
Post a Comment