ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តច័ន្ទបុរីវង្ស
ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែក រាជធានីភ្នំពេញ
ផ្សាយចេញពីរាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ និងទី៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងពិធីរាប់បាត្រប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ ដែលប្រារព្ធនៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌។ ក្រៅពីនេះ ក៏មានថ្នាក់ដឹកនាំចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអមសាលាជម្រះក្តីចូលរួមផងដែរ។
ឯកឧត្តម កើត រិទ្ធ បានសម្ដែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះសង្ឃអគ្គមហានាយក និងព្រះសង្ឃសមាជិកទាំងអស់ ដែលបានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យតាមរបបប្រពៃណីព្រះពុទ្ធសាសនា និងបានប្រគេនព្រះធម៌ដ៏មានតម្លៃខ្ពង់ខ្ពស់ដល់សាសនិកជន។ ដោយឯកឧត្តមក៏បានថ្លែងអំណរគុណដល់សាសនិកជនដែលបានចូលរួមយ៉ាងសកម្ម ដោយឧទ្ទិសបុណ្យកុសលដល់វង្សត្រកូល មាតាបិតា និងបុព្វបុរស។
ក្នុងន័យនេះ ឯកឧត្តម កើត រិទ្ធ បានបន្ថែមពាក្យទំនុកចិត្តថា ការរក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសេចក្តីសន្តិភាព សាមគ្គី និងសុខុមាលភាពក្នុងសង្គម។ ព្រះពុទ្ធសាសនាជាសាសនាបូព៌ាដែលមានតម្លៃជាសកល អាចជួយបង្រៀនឲ្យមនុស្សមានគុណធម៌ ស្មោះត្រង់ និងចេះអភ័យទោស។ ដូច្នេះ ការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការ និងសាសនិកជន គឺជាការគាំទ្រដ៏មានន័យសម្រាប់ការពង្រឹងវប្បធម៌ប្រពៃណី និងឋានៈព្រះពុទ្ធសាសនា នៅក្នុងសង្គមកម្ពុជា។
ពិធីបុណ្យកាន់បិណ្ឌនេះ គឺជាប្រពៃណីវប្បធម៌សំខាន់ ដែលបង្ហាញពីគុណធម៌មាតាបិតា ការគោរពដល់អ្នកលះបង់ជីវិត និងការរួមចំណែកក្នុងការរក្សាទុកវប្បធម៌ជាតិ។ ការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធ បានបន្ថែមកិត្តិយសដល់ពិធី និងជាសក្ខីភាពនៃការរួមគ្នាក្នុងការថែរក្សា និងផ្សព្វផ្សាយអំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ។
Post a Comment