ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យ.....

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញត្រួតពិនិត្យការបូក និងស្រង់ពិន្ទុនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣ ក្នុងដំណាក់កាលវិញ្ញាសាសរសេរ
ផ្សាយចេញពីរាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញអធិបតីភាពដ៏មានកិត្យានុភាព ដើម្បីត្រួតពិនិត្យ និងដឹកនាំលើដំណើរការបូក និងស្រង់ពិន្ទុប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ ក្នុងដំណាក់កាលវិញ្ញាសាសរសេរ។ ក្នុងឱកាសសំខាន់នេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមន្រ្តីរាជការ អ្នកជំនាញ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលទាំងអស់បានរួមគ្នាដើម្បីត្រួតពិនិត្យ និងធានាថា ការប្រឡងជ្រើសរើសត្រូវបានអនុវត្តតាមគោលការណ៍ថ្លៃថ្នូរ សុចរិត ស្មោះត្រង់ និងមានភាពតម្លាភាពពេញលេញ។ ក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ. ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ គឺជាការប្រឡងដ៏សំខាន់មួយ ដែលក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទូលំទូលាយក្នុងការចូលរួមពីភាគីពាក់ព័ន្ធ។ គោលបំណងសំខាន់នៃការប្រឡងនេះ គឺដើម្បីធានាថា កម្លាំងយុត្តិធម៌ជំនាន់ថ្មី នឹងមានគុណភាពគ្រប់ជ្រុងជ្រោយ ទាំងចំណេះដឹងជំនាញ បទពិសោធន៍ ការវិភាគឆ្លើយតប និងសីលធម៌ជាមូលដ្ឋាន។ ឯកឧត្តម ក៏បានបន្ថែមថា៖ “ការប្រឡងនេះមិនត្រឹមតែជាវិធានការជ្រើសរើសបេក្ខជនសម្រាប់ការបន្តបណ្តុះបណ្តាលនោះទេ ប៉ុន្តែជាដំណើរការដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស្មោះត្រង់សម្រាប់ប្រជាជនទូទាំងប្រទេស។” តាមលទ្ធផលនៃការប្រឡងក្នុងដំណាក់កាលវិញ្ញាសាសរសេរ បេក្ខជនចំនួន ៧៥ រូប ក្នុងចំណោមបេក្ខជនសរុប ៧៦៣ រូប ត្រូវបានជ្រើសរើសជាជ័យលាភី ហើយនឹងបន្តចូលរួមប្រឡងក្នុងដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ ដែលត្រូវបានកំណត់ប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ដំណាក់កាលនាពេលខាងមុខនេះ នឹងជាការប្រឡងសំខាន់ក្នុងការវាយតម្លៃ និងបង្ហាញសមត្ថភាពពិតប្រាកដរបស់បេក្ខជនទាំងឡាយ ក្នុងការឆ្លើយតបចំពោះបញ្ហាផ្លូវច្បាប់ និងកិច្ចការតុលាការដែលពាក់ព័ន្ធជាក់ស្តែង។ ការប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ មិនត្រឹមតែជាការប្រឡងបុព្វហេតុសម្រាប់បេក្ខជនទេ ប៉ុន្តែជាចំណុចបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកសាងស្ថាបត្យកម្មយុត្តិធម៌ឱ្យទាន់សម័យ និងឆ្ពោះទៅរកគោលដៅយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តម កើត រិទ្ធ បានសន្យា និងផ្តល់កម្លាំងចិត្តដល់បេក្ខជនទាំងឡាយថា ប្រសិនបើពួកគេបន្តប្រឡងជោគជ័យ គេនឹងក្លាយជាកម្លាំងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធតុលាការកម្ពុជា ឱ្យកាន់តែរឹងមាំ មានភាពទំនើប និងគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា. ការប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ ត្រូវបានចាត់ទុកថា ជាចំណុចផ្តោតសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងយុត្តិធម៌ថ្មី ដើម្បីបន្តធានាថា ប្រព័ន្ធតុលាការកម្ពុជា នឹងកាន់តែរឹងមាំ មានសមត្ថភាព និងអាចបំពេញតួនាទីជាភាពជឿជាក់សម្រាប់ប្រជាជនក្នុងការស្វែងរកយុត្តិធម៌។

0/Post a Comment/Comments